Month: June 2019

តើអ្នកមានចិត្តសប្បុរសកំរិតណា?

លោកស្ទីវ(Steve) គឺជាអតីតយុទ្ធជន អាយុ៦២ឆ្នាំ ដែលបានរស់នៅជាជនអនាថា អស់ជាច្រើនឆ្នាំមកហើយ។ គាត់បានផ្លាស់ទៅរស់នៅ ក្នុងតំបន់ដែលមានអាកាសធាតុក្តៅ ដែលនៅទីនោះ ការគេងនៅតាមចិញ្ចើមថ្នល់ មិនរងាដូចនៅអឺរ៉ុបទេ។ នៅពេលល្ងាចថ្ងៃមួយ គាត់បានដាក់តាំងរូបគំនូរដែលគាត់បានគូរ ដើម្បីរកលុយខ្លះៗ។ ពេលនោះ មានស្រ្តីវ័យក្មេងម្នាក់ បានដើរមករកគាត់ ហើយក៏បានឲ្យនំភីស្សាបួនប្រាំចំណិត។ គាត់ក៏បានទទួលយកដោយការដឹងគុណ។ មួយសន្ទុះក្រោយមក លោកស្ទីវក៏បានចែកនំភីស្សានោះ ឲ្យជនអនាថាម្នាក់ទៀត ដែលកំពុងតែស្រេកឃ្លានអាហារ។ ភ្លាមៗនោះ ស្រី្តវ័យក្មេងដដែលនោះ ក៏បានលេចមុខមកទៀត ដោយនាំអាហារមួយចានទៀត ក្រោយដែលបានដឹងថា គាត់មានចិត្តសប្បុរស នៅក្នុងការចែករំលែករបស់អ្វី ដែលគេបានឲ្យគាត់។

រឿងរបស់លោកស្ទីវ បានឆ្លុះបញ្ចាំងអំពីគោលការណ៍ នៅក្នុងបទគម្ពីរសុភាសិត ១១:២៥ ដែលបានចែងថា ពេលដែលយើងមានចិត្តសប្បុរសចំពោះអ្នកដទៃ យើងក៏ងាយនឹងទទួលអំពើសប្បុរសពីអ្នកផ្សេងទៀតផងដែរ។ ប៉ុន្តែ យើងមិនត្រូវចែករំលែកដល់អ្នកដទៃ ដោយរំពឹងថានឹងបានទទួលអ្វីពីគេមកវិញនោះទេ។ ទង្វើសប្បុរសរបស់យើង កម្រនឹងបានទទួលការតបស្នងភ្លាមៗណាស់។ ផ្ទុយទៅវិញ យើងត្រូវចែករំលែកអ្វីដែលយើងមាន ដល់អ្នកដទៃ ដើម្បីឆ្លើយតបដោយសេចក្តីស្រឡាញ់ ចំពោះសេចក្តីបង្គាប់របស់ព្រះអង្គ(ភីលីព ២:៣-៤ និង ១យ៉ូហាន ៣:១៧)។ ហើយពេលណាយើងធ្វើតាមបង្គាប់ទ្រង់ ដោយសេចក្តីស្រឡាញ់ ទ្រង់នឹងសព្វព្រះទ័យនឹងយើង។ ទ្រង់មិនមានកាតព្វកិច្ចអ្វី ដែលត្រូវធ្វើឲ្យយើងមានលុយពេញកាបូប ឬអាហារពេញពោះនោះទេ តែជាញឹកញាប់ ទ្រង់ច្រើនតែផ្គត់ផ្គង់យើង ឲ្យមានភាពស្រស់ថ្លាក្នុងជីវិត…

តើយើងគួរអធិស្ឋានឲ្យនរណាខ្លះ?

កាលអាប៊ី(Abby)រៀននៅវិទ្យាល័យ នាងនិងម្តាយរបស់នាង បានស្តាប់ឮពត៌មានផ្សាយ អំពីយុវជនម្នាក់ ដែលមានរបួសធ្ងន់ នៅក្នុងគ្រោះថ្នាក់ធ្លាក់យន្តហោះ ដែលបានឆក់យកជីវិតឪពុកបង្កើត និងម្តាយចុងរបស់ខ្លួន។ ទោះពួកគេមិនដែលស្គាល់គ្នាក្តី ម្តាយរបស់អាប៊ីបាននាំអាប៊ីអធិស្ឋានឲ្យគាត់ និងក្រុមគ្រួសារគាត់។

ពីរបីឆ្នំាក្រោយមក ថ្ងៃមួយ ពេលដែលអាប៊ីកំពុងតែពិបាករកកន្លែងអង្គុយក្នុងថ្នាក់រៀន មានសិស្សម្នាក់បានហៅនាងឲ្យអង្គុយក្បែរគាត់។ សិស្សនោះមានឈ្មោះ អូស្ទីន ហាច(Austin Hatch) ដែលជាជនរងគ្រោះធ្លាក់យន្តហោះ ដែលនាងបានអធិស្ឋានឲ្យនោះ។ មិនយូរប៉ុន្មាន ពួកគេក៏បានណាត់ជួបគ្នា ហើយនៅឆ្នាំ២០១៨ ពួកគេក៏បានរៀបការ។

ក្នុងការសំភាស នៅពេលដែលពួកគេជិតដល់ពេលរៀបការ អាប៊ីក៏បាននិយាយថា នាងមិននឹកស្មានសោះថា កាលនោះ នាងកំពុងតែអធិស្ឋានឲ្យគាត់ ដោយមិនដឹងថា គាត់ជាអនាគតស្វាមីរបស់នាង។ យើងងាយនឹងអធិស្ឋាន សម្រាប់តម្រូវការផ្ទាល់ខ្លួន និងសម្រាប់អ្នកដែលជិតស្និទ្ធនឹងយើងបំផុត ដោយមិនបានចំណាយពេលអធិស្ឋានឲ្យអ្នកដទៃទៀត។ ទោះជាយ៉ាងណាក៏ដោយ ពេលដែលសាវ័កប៉ុលសរសេរសំបុត្រផ្ញើទៅគ្រីស្ទបរិស័ទ នៅទីក្រុងអេភេសូរ គាត់បានប្រាប់ពួកគេឲ្យ “ប្រើសេចក្តីអធិស្ឋាន និងសេចក្តីទូលអង្វរគ្រប់យ៉ាង ដើម្បីអធិស្ឋានដោយព្រះវិញ្ញាណរាល់ពេលរាល់វេលា ហើយចាំយាមក្នុងសេចក្តីនោះឯង ដោយនូវគ្រប់ទាំងសេចក្តីខ្ជាប់ខ្ជួន និងសេចក្តីទូលអង្វរឲ្យពួកបរិសុទ្ធទាំងអស់”(អេភេសូរ ៦:១៨)។ ហើយក្នុងបទគម្ពីរ ១ធីម៉ូថេ ២:១ បានប្រាប់យើងឲ្យអធិស្ឋានឲ្យ “មនុស្សទាំងអស់” ដោយរាប់បញ្ចូលទាំងអ្នកកាន់អំណាចផងដែរ។

ចូរយើងអធិស្ឋានឲ្យអ្នកដទៃ គឺសូម្បីតែអ្នកដែលយើងមិនស្គាល់ក៏ដោយ។ កាលណាយើងធ្វើដូចនេះ យើងអាចជួយសម្រាលបន្ទុកពួកគេផងដែរ(កាឡាទី ៦:២)។—DAVE BRANON

កិច្ចការដដែល

ខ្ញុំមានការចាប់អារម្មណ៍យ៉ាងខ្លាំង ពេលដែលខ្ញុំបានកត់សំគាល់ឃើញស្នាមសាក់ នៅលើកែងជើងរបស់មិត្តភក្តិរបស់ខ្ញុំម្នាក់ ឈ្មោះអេរិន(Erin)។ ស្នាមសាក់នោះ គឺជារូបប៊ូលីងបុកផ្តួលដបប៊ូលីង។ អេរិនមានចិត្តចង់សាក់រូបដូចនេះ បន្ទាប់ពីគាត់បានស្តាប់បទចម្រៀងរបស់សារ៉ា ក្រូ(Sara Groves) ដែលមានចំណងជើងថា “ការតម្រៀមដបប៊ូលីង”។ ទំនុកច្រៀងដ៏មានន័យនោះ បានលើកទឹកចិត្តប្រិយមិត្តអ្នកស្តាប់ទាំងឡាយ ឲ្យស្វែងរកក្តីអំណរ នៅក្នុងកិច្ចការដដែល ដែលពួកគេធ្វើជាប្រចាំ ដែលពេលខ្លះ ពួកគេមានអារម្មណ៍ថា ហាក់ដូចជាគ្មានន័យ មិនខុសពីការតម្រៀបដបប៊ូលីង សម្រាប់ឲ្យគេបោះបាល់ប៊ូលីងបំបុក ហើយបន្តធ្វើដូចនេះម្តងហើយម្តងទៀត។

ការបោកខោអាវ ការដាំស្ល ការបោសជូតផ្ទះ ។ល។ គឺសុទ្ធតែជាកិច្ចការដែលយើងធ្វើម្តងហើយម្តងទៀត។ ជីវិតយើងហាក់ដូចជាមានពេញទៅដោយកិច្ចការ ដែលយើងបានធ្វើហើយ យើងក៏ត្រូវធ្វើដដែលៗ។ នេះមិនមែនជាការលំបាកដែលទើបតែកើតមាននៅពេលសព្វថ្ងៃនោះទេ តែជាភាពនឿយណាយតាំងពីយូរមកហើយ គឺដូចដែលមានចែងនៅក្នុងកណ្ឌគម្ពីរសាស្តា ដែលជាកណ្ឌព្រះគម្ពីរសញ្ញាចាស់។ កណ្ឌនេះបានចាប់ផ្តើម ដោយអ្នកនិពន្ធរៀបរាប់អំពីបញ្ហានៃសកម្មភាពប្រចាំថ្ងៃរបស់មនុស្ស ដែលមានភាពច្រំដែល(១:២-៣) ដែលហាក់ដូចជាគ្មានប្រយោជន៍ ឬគ្មានន័យអ្វីសោះ ព្រោះ “របស់ដែលមានពីមុនមក គឺរបស់នោះឯងដែលនឹងមានតទៅទៀត ហើយការដែលបានធ្វើពីមុនមក គឺការនោះឯងដែលនឹងធ្វើរៀងតទៅដែរ”(ខ.៩)។

ប៉ុន្តែ អ្នកនិពន្ធនៃកណ្ឌសាស្តានៅតែអាចរកឃើញក្តីអំណរ និងអត្ថន័យ ក្នុងកិច្ចការទាំងនោះ ដូចមិត្តភក្តិរបស់ខ្ញុំដែរ ដោយនឹកចាំថា ភាពស្កប់ចិត្តរបស់យើងកើតមាន នៅពេលដែលយើង “កោតខ្លាចដល់ព្រះ ហើយកាន់តាមបញ្ញត្តិរបស់ទ្រង់”(១២:១៣)។ យើងអាចរកបានការកម្សាន្តចិត្ត ដោយដឹងថា ព្រះជាម្ចាស់ឲ្យតម្លៃ ចំពោះភាពសាមញ្ញ និងផ្នែកដែលហាក់ដូចជាគួរឲ្យធុញទ្រាន់…

កុំឲ្យឱកាសកន្លងផុតទៅ

មុនពេលកម្មវិធីថ្វាយបង្គំពាក់កណ្តាលសប្តាហ៍ចាប់ផ្តើម មនុស្សមួយក្រុមបានជជែកគ្នា អំពីដួងច័ន្ទដែលបានរះពេញវង្ស កាលពីយប់មុន។ ដួងច័ន្ទពេញវង្សនោះ ពិតជាស្រស់ស្អាតណាស់ គឺហាក់ដូចជាវាកំពុងតែអង្គុយនៅលើជើងមេឃ។ អ្នកស្រីវែប(Webb) ជាអ្នកចាស់ទុំជាងគេ ក្នុងការសន្ទនានេះ ជាអ្នកដែលមានសក់ស្កូវ ដែលស្រឡាញ់ដួងច័ន្ទ ដែលជាស្នាព្រះហស្តដ៏អស្ចារ្យរបស់ព្រះ។ គាត់ដឹងថា នៅពេលនោះ ខ្ញុំនិងភរិយាខ្ញុំមានកូនពីរនាក់ ក្នុងគ្រួសារយើង ហើយគាត់ចង់ជួយខ្ញុំ នៅក្នុងការបង្ហាត់បង្រៀនពួកគេ តាមរបៀបដ៏ត្រឹមត្រូវ។ គាត់ក៏បានប្រាប់ខ្ញុំ កុំឲ្យភ្លេចឆក់ឱកាសនាំកូនៗរបស់ខ្ញុំមើលដួងច័ន្ទ ដ៏ស្រស់ស្អាតនោះ។

អ្នកស្រីវែបសក្តិសមនឹងធ្វើជាអ្នកនិពន្ធបទទំនុកដំកើងដ៏ល្អម្នាក់។ គាត់បានជញ្ជឹងគិតអំពីស្នាព្រះហស្តរបស់ព្រះជាម្ចាស់ ហើយបានធ្វើឲ្យខ្ញុំនឹកចាំ អំពីការពិពណ៌នារបស់ស្តេចដាវីឌ អំពីស្នាព្រះហស្តរបស់ព្រះ នៅលើមេឃ ដែល “ពាក្យសំដី ឬភាសា នោះគ្មានឮឡើយ គ្មានអ្នកណាដែលឮសំឡេងនៃរបស់ទាំងនោះទេ ប៉ុន្តែដំណឹងដែលរបស់ទាំងនោះផ្សាយមក ក៏បានចេញទៅគ្រប់លើផែនដី ហើយសេចក្តីនោះបានឮទៅដល់ទីបំផុតលោកីយ៍(ទំនុកដំកើង ១៩:៣-៤)។ ស្តេចដាវីឌ និងអ្នកស្រីវែប មិនចង់ថ្វាយបង្គំដួងច័ន្ទ ឬផ្កាយឡើយ គឺចង់ថ្វាយបង្គំតែព្រះជាម្ចាស់ ដែលបានបង្កើតពួកវាមក ដោយព្រះហស្តដ៏ប៉ិនប្រសប់។ ស្ថានសួគ៌ និងផ្ទៃមេឃបានបើកបង្ហាញសិរីល្អរបស់ព្រះ(ខ.១)។

យើងក៏អាចលើកទឹកចិត្តអ្នកដែលនៅក្បែរយើង ដែលរាប់ចាប់តាំងពីក្មេងតូច ក្មេងជំទង់ រហូតដល់ប្តីប្រពន្ធ និងអ្នកជិតខាង ឲ្យឈប់បង្អង់ ដើម្បីមើល និងស្តាប់ការប្រកាស់ និងបង្ហាញនូវសិរីល្អរបស់ព្រះជាម្ចាស់ នៅជុំវិញខ្លួនយើង។ ការផ្តោតចិត្តទៅលើស្នាព្រះហស្តដែលព្រះជាម្ចាស់បានបង្កើត អាចនាំឲ្យយើងមានចិត្តចង់ថ្វាយបង្គំទ្រង់។ ចូរយើងកុំឲ្យឱកាសនេះកន្លងផុតទៅឡើយ។…

ផ្កាដែលរីក ក្នុងវាលរហោស្ថាន

នៅវាលរហោស្ថានម៉ូចាវេ មានផ្នូកខ្សាច់ ជ្រលងភ្នំដ៏ក្រៀមក្រោះ និងជ្រោះ ព្រមទាំងភ្នំដែលភាគច្រើន មិនមានដើមឈើដុះ។ ប៉ុន្តែ លោកអេតម៉ាន់ យេគ័រ(Edmund Jaeger) ដែលជាជីវវិទូអាមេរិក បានសង្កេតឃើញថា រៀងរាល់ពីរបីឆ្នាំម្តង ភ្លៀងបានធ្លាក់ចុះមកជាបរិបូរ ដែលនាំឲ្យមានដើមផ្កាដុះដេដាស និងរីកស្គុះស្គាយ គ្របដណ្តប់ពីលើដីខ្សាច់ ឬដីដែលមានថ្មច្រើន នៅក្នុងវាលរហោស្ថាននោះ”។ ទោះជាយ៉ាងណាក៏ដោយ ផ្កាព្រៃដែលបានដុះនៅវាលរហោស្ថានមូចាវេ មិនមែនជាបាតុភូតិដែលកើតមានជារៀងរាល់ឆ្នាំនោះទេ។ អ្នកស្រាវជ្រាវទាំងឡាយបានបញ្ជាក់ថា ទាល់តែដីស្ងួតហែងនោះ មានព្យុះភ្លៀងធ្លាក់ចុះមកជោគជាំ ហើយទទួលកម្តៅពីថ្ងៃ ឲ្យត្រូវពេល ទើបផ្កាព្រៃទាំងនោះអាចគ្របដណ្តប់វាលរហោស្ថាននោះ ដោយពណ៌ចម្រុះដ៏ស្រស់ស្អាត់។

ត្រង់ចំណុចនេះ ព្រះជាម្ចាស់បានប្រទានពរឲ្យជីវិតកើតមាន នៅលើសណ្ឋានដីដ៏សោះកក្រោះ។ រឿងនេះបានធ្វើឲ្យខ្ញុំនឹកចាំ អំពីហោរាអេលីយ៉ា។ កាលនោះ គាត់បានថ្លែងព្រះរាជសាររបស់ព្រះជាម្ចាស់ អំពីការជំនុំជម្រះ ដែលប្រជាជាតិទាំងអស់នឹងទទួល ហើយបន្ទាប់មក គាត់ក៏បានធ្វើការបើកសម្តែង អំពីក្តីសង្ឃឹម ដែលនាំឲ្យមានការលើកទឹកចិត្តយ៉ាងខ្លាំង(អេសាយ ៣៥)។ គាត់មានប្រសាសន៍ថា “ទីរហោស្ថាន ហើយទីហួតហែង នឹងមានសេចក្តីអំណរ ឯសមុទ្រខ្សាច់ នឹងរីករាយ ហើយផ្កាឡើងដូចជាកុលាប”(ខ.១)។ គាត់ប្រកាស់ថា រាស្រ្តរបស់ព្រះ ដែលទ្រង់បានសង្រ្គោះ នឹងបានចូលក្នុងនគរទ្រង់ ដោយ “ច្រៀង ហើយនឹងមានសេចក្តីអំណរដ៏នៅអស់កល្បជានិច្ច ពាក់នៅលើក្បាលគេ គេនឹងបានសេចក្តីត្រេកអរ និងសេចក្តីរីករាយ…

តើអ្នកបានរកឃើញកំណប់នោះ ហើយឬនៅ?

មានពេលមួយ លោកចន(John) និងអ្នកស្រីម៉ារី(Mary) កំពុងតែបណ្តើរឆ្កែរបស់ពួកគេ នៅក្នុងទីធ្លាផ្ទះរបស់ពួកគេ ហើយក៏បានឃើញកំប៉ុងច្រេះចាប់មួយ ដែលបានផុសចេញពីដី ដោយសារភ្លៀងធ្លាក់កាលពីពេលថ្មីៗនេះ។ ពួកគេក៏បានយកកំប៉ុងនោះ ចូលក្នុងផ្ទះ ហើយក៏បានបើកវាមើល ឃើញកំណប់កាក់មាសជាច្រើន ដែលមានអាយុជាង១០០ឆ្នាំ។ ពួកគេក៏បានត្រឡប់មកកន្លែងនោះវិញ ហើយក៏បានរកឃើញកំប៉ុង៧ទៀត ដែលមានកាក់មាស ១៤២៧កាក់ជាសរុប។ ពួកគេក៏បានការពារកំណប់ដែលពួកគេបានរកឃើញនោះ ដោយយកវាទៅកប់នៅកន្លែងផ្សេង។

កំណប់កាក់មាសនោះ(មានតម្លៃ១០លានដុល្លា) ត្រូវបានគេហៅថាកំណប់សេឌល រីជ ជាការរកឃើញកំណប់ធំបំផុត ក្នុងប្រវត្តិសាស្រ្តអាមេរិក។ រឿងនេះបានធ្វើឲ្យខ្ញុំនឹកចាំ អំពីរឿងប្រៀបប្រដូច ដែលក្នុងនោះ ព្រះយេស៊ូវបានមានបន្ទូលថា “មួយទៀត នគរស្ថានសួគ៌ក៏ប្រៀបដូចជាកំណប់កប់ទុកក្នុងចំការ ដែលកាលណាមនុស្សម្នាក់បានឃើញ នោះក៏លាក់ទុក រួចចេញទៅ លក់របស់ទ្រព្យខ្លួនទាំងអស់ដោយអំណរ ដើម្បីនឹងទិញចំការនោះ”(ម៉ាថាយ ១៣:៤៤)។

រឿងនិទានអំពីកំណប់ជាច្រើន បានធ្វើឲ្យមនុស្សមានការស្រមើរស្រមៃ ក្នុងរយៈពេលជាច្រើនសតវត្សរ៍កន្លងមកនោះ ទោះការរកឃើញកំណប់ ជារឿងដែលកម្រនឹងកើតមានក៏ដោយ។ ប៉ុន្តែ ព្រះយេស៊ូវបានមានបន្ទូល អំពីកំណប់មួយប្រភេទ ដែលមនុស្សគ្រប់គ្នា សុទ្ធតែអាចរកបាន ដោយគ្រាន់តែសារភាពអំពើបាបរបស់ខ្លួន ហើយទទួលជឿ និងដើរតាមទ្រង់(យ៉ូហាន ១:១២)។

ពេលដែលយើងបានទទួលកំណប់នោះហើយ វានឹងមិនបាត់បង់ទៅណាឡើយ។ ឲ្យតែយើងលះបង់ជីវិតចាស់របស់យើង ហើយស្វែងរកព្រះទ័យព្រះជាម្ចាស់ យើងនឹងបានស្គាល់តម្លៃដ៏សក្តិសមរបស់ទ្រង់។ តាមរយៈ “ព្រះគុណដ៏ធ្ងន់លើសលប់របស់ទ្រង់ ដោយសេចក្តីសប្បុរស ដែលទ្រង់ផ្តល់មកយើង ក្នុងព្រះគ្រីស្ទយេស៊ូវ”(អេភេសូរ…

តើយើងអាចសម្រាកទេ?

ពេលដែលដានែល(Darnell) ដើរចូលទៅក្នុងការិយាល័យ របស់គ្រូពេទ្យព្យាបាលដោយចលនា គាត់ដឹងថា គាត់នឹងជួបការឈឺចាប់ជាច្រើន។ គ្រូពេទ្យបានទាញ និងបត់ដៃគាត់ ចំកន្លែងដែលគាត់មិនដែលបានបត់អស់ជាច្រើនខែ បន្ទាប់ពីគាត់មានរបួស។ បន្ទាប់ពីគ្រូពេទ្យបត់ដៃគាត់ទៅខាងហ្នឹង ដែលធ្វើឲ្យគាត់មានអារម្មណ៍មិនស្រួល បានប៉ុន្មានវិនាទី គ្រូពេទ្យក៏បានប្រាប់គាត់ថា “មិនអីទេ អ្នកអាចសម្រាកបន្តិច”។ ក្រោយមក គាត់ក៏បាននិយាយថា នៅក្នុងការព្យាបាលដោយចលនាមួយលើកៗ គាត់បានឮគ្រូពេទ្យប្រាប់គាត់ប្រហែល៥០ដងថា “មិនអីទេ អ្នកអាចសម្រាក”។

ពេលដានែលគិតអំពីពាក្យនេះ គាត់ក៏បានគិតដល់ការសម្រាកខាងវិញ្ញាណ ដែលជាការសម្រាកនៃជីវិតគាត់។ គាត់អាចសម្រាក នៅក្នុងសេចក្តីល្អ និងសេចក្តីស្មោះត្រង់របស់ព្រះជាម្ចាស់ ជាជាងព្រួយបារម្ភ។

កាលព្រះយេស៊ូវជិតដល់ពេលដែលត្រូវសុគត ទ្រង់ជ្រាបថា ពួកសិស្សរបស់ទ្រង់ចាំបាច់ត្រូវរៀនសូត្រ អំពីការសម្រាកខាងវិញ្ញាណ។ ពួកគេនឹងជួបភាពវឹកវរ និងការបៀតបៀនជាច្រើន។ ទ្រង់ក៏បានលើកទឹកចិត្តពួកគេ ដោយមានបន្ទូលថា ទ្រង់នឹងចាត់ព្រះវិញ្ញាណបរិសុទ្ធ ឲ្យគង់នៅជាមួយពួកគេ ហើយក្រើនរំឭកពួកគេ អំពីសេចក្តីអ្វីដែលទ្រង់បានបង្រៀន(យ៉ូហាន ១៤:២៦)។ ហេតុនេះហើយ ទ្រង់អាចមានបន្ទូលថា “ខ្ញុំទុកសេចក្តីសុខនៅនឹងអ្នករាល់គ្នា គឺខ្ញុំឲ្យសេចក្តីសុខសាន្តរបស់ខ្ញុំដល់អ្នករាល់គ្នា ហើយដែលខ្ញុំឲ្យ នោះមិនមែនដូចជាលោកីយ៍ឲ្យទេ កុំឲ្យចិត្តអ្នករាល់គ្នាថប់បារម្ភ ឬភ័យឡើយ”(ខ.២៧)។

ក្នុងការរស់នៅប្រចាំថ្ងៃ មានរឿងជាច្រើន ដែលអាចធ្វើឲ្យយើងមានអារម្មណ៍តានតឹង។ ប៉ុន្តែ យើងអាចលូតលាស់ នៅក្នុងជំនឿលើព្រះជាម្ចាស់ ដោយរំឭកខ្លួនឯងថា ព្រះវិញ្ញាណបរិសុទ្ធ គង់នៅក្នុងយើងរាល់គ្នា ហើយទ្រង់ប្រទានសន្តិភាពរបស់ទ្រង់ ដល់យើងរាល់គ្នា។…

ការចាំយាមពេលយប់

កាលខ្ញុំរៀននៅមហាវិទ្យាល័យ ខ្ញុំបានចំណាយពេលធ្វើការ ក្នុងពេលវិស្សមកាលរដូវក្តៅ ក្នុងផ្ទះសំណាក់មួយ នៅតំបន់ជួរភ្នំដ៏ស្រស់ស្អាត ក្នុងរដ្ឋខូឡូរ៉ាដូ។ គេបានឲ្យបុគ្គលិកដាក់វេណគ្នា “យាមពេលយប់” ដើម្បីរកមើលភ្លើងឆេះព្រៃ ដើម្បីការពារភ្ញៀវដែលកំពុងគេងនៅទីនោះ។ ពីដំបូង ខ្ញុំមានអារម្មណ៍ថា កិច្ចការនេះហាក់ដូចជាហត់នឿយ ហើយក៏គួរឲ្យធុញទ្រាន់ តែក្រោយមក វាក៏បានក្លាយជាឱកាស ដ៏ពិសេស សម្រាប់ឲ្យខ្ញុំនៅស្ងៀម ជញ្ជឹងគិត និងរកឃើញការកម្សាន្តចិត្ត នៅក្នុងភាពធំឧត្តម្ភនៃព្រះវត្តមានរបស់ព្រះជាម្ចាស់។

ស្តេចដាវីឌបានស្វែងរក និងស្រេកឃ្លានរកព្រះវត្តមានព្រះជាម្ចាស់ អស់ពីចិត្ត(ទំនុកដំកើង ៦៣:១) សូម្បីតែនៅក្នុងដំណេក និងនៅពេលយាម ពេលយប់ក៏ដោយ(ខ.៦)។ បទគម្ពីរទំនុកដំកើងនេះ បានបញ្ជាក់ច្បាស់ថា កាលនោះ ស្តេចដាវីឌកំពុងតែមានបញ្ហា។ ពាក្យពេចន៍ដែលទ្រង់បានពិពណ៌នា ប្រហែលជាបានឆ្លុះបញ្ចាំងអំពីទុក្ខព្រួយជាទម្ងន់របស់ទ្រង់ ដោយសារការបះបោររបស់អាប់សាឡំ ដែលជាបុត្រាទ្រង់។ តែនៅពេលយប់ឡើង ទ្រង់បានរកឃើញជំនួយ និងការស្អាងឡើងវិញ “នៅក្រោមម្លប់ស្លាបព្រះជាម្ចាស់”(ខ.៧) ក្នុងអំណាចចេស្តា និងព្រះវត្តមានព្រះអង្គ។

អ្នកប្រហែលជាកំពុងតែជួបវិបត្តិ ឬទុក្ខលំបាកក្នុងជីវិតរបស់អ្នក ពេលយប់ឡើង អ្នកមិនមានការកម្សាន្តចិត្តសោះ។ អ្នកប្រហែលជាមានបន្ទុកដ៏ធ្ងន់សង្កត់មកលើចិត្ត និងវិញ្ញាណរបស់អ្នក។ ពុំនោះទេ បន្ទុកគ្រួសារ ការងារ ឬបញ្ហាហិរញ្ញវត្ថុ បានរំខានពេលសម្រាករបស់អ្នក។ បើសិនជាដូច្នោះមែន សូមចាត់ទុកពេលដែលគេងមិនលក់នោះ ជាឱកាសស្រែករកព្រះជាម្ចាស់ និងតោងទ្រង់ឲ្យជាប់ ដោយអនុញ្ញាតឲ្យព្រះហស្តនៃក្តីស្រឡាញ់របស់ទ្រង់ទ្រយើង(ខ.៨)។ Evan Morgan,…

ត្រូវបានបង្កើតឲ្យដូចរូបអង្គទ្រង់

មានស្រ្តីវ័យក្មេងម្នាក់មានការភ័យខ្លាច ពេលដែលស្បែកសម្បុរស្រអែមដ៏ស្រស់ស្អាតរបស់នាង បានចាប់ផ្តើមបាត់បង់សម្រស់។ នាងមានអារម្មណ៍ថា នាងហាក់ដូចជាកំពុងតែរលាយខ្លួន ឬបាត់បង់“ខ្លួនឯង”។ នាងក៏បានលាបគ្រឿងសម្អាងយ៉ាងក្រាស់ពីលើស្បែកនាង ដើម្បីបិទបាំង “ស្នាម” ឃ្លង់ល្ពៅ ដែលបានធ្វើឲ្យស្បែករបស់នាងមានពណ៌សភ្លឺពពាលៗ។

បន្ទាប់មក នៅថ្ងៃមួយ នាងក៏បានសួរខ្លួនឯងថា ហេតុអ្វីបានជានាងចាំបាច់ត្រូវលាក់បាំងវាធ្វើអ្វី? នាងក៏បានទទួលយកខ្លួនរបស់នាង ដោយពឹងផ្អែកលើកម្លាំងរបស់ព្រះជាម្ចាស់ ហើយឈប់លាបគ្រឿងសម្អាង ដើម្បីបិទបាំងស្នាមទាំងនោះទៀត។ មិនយូរប៉ុន្មាន គេក៏មានការចាប់អារម្មណ៍ ចំពោះទំនុកចិត្ត ដែលនាងមានចំពោះព្រះ។ ទីបំផុត នាងក៏បានក្លាយជា តារាម៉ូដែលទីមួយ ដែលមានជម្ងឺឃ្លង់ល្ពៅ ដែលបានធ្វើជាតំណាងឲ្យប្រេនរបស់ក្រុមហ៊ុនគ្រឿងសម្អាងអន្តរជាតិមួយ។
ក្នុងកម្មវិធីទូរទស្សន៍មួយ មានពិធីករក្នុងកម្មវិធីពត៌មាន បានសម្ភាសនាង នាងក៏ប្រាប់គេថា នាងពិតជាមានពរណាស់ ដែលសេចក្តីជំនឿ ក្រុមគ្រួសារ និងមិត្តភក្តិរបស់នាង បាននាំឲ្យនាងរកឃើញការកម្សាន្តចិត្តមកពីព្រះ។

រឿងរបស់នាងបានរំឭកយើងថា យើងម្នាក់ៗត្រូវបានព្រះជាម្ចាស់បង្កើតមក ឲ្យដូចរូបអង្គទ្រង់។ គឺដូចមានសេចក្តីចែងថា “ទ្រង់ក៏បង្កើតមនុស្សឲ្យដូចរូបអង្គទ្រង់ គឺបានបង្កើតគេឲ្យចំនឹងរូបអង្គទ្រង់នោះឯង ក៏បង្កើតគេឡើងជាប្រុសជាស្រី”(លោកុប្បត្តិ ១:២៧)។ ទោះរូបសម្រស់ខាងក្រៅរបស់យើងមានលក្ខណៈដូចម្តេចក៏ដោយ យើងម្នាក់ៗសុទ្ធតែមានរូបអង្គទ្រង់ នៅលើខ្លួនយើង។ ក្នុងនាមយើងជាមនុស្សដែលទ្រង់បានបង្កើត យើងត្រូវបង្ហាញឲ្យគេឃើញសិរីល្អរបស់ទ្រង់ ហើយក្នុងនាមយើងជាអ្នកជឿព្រះយេស៊ូវ ទ្រង់កំពុងតែកែប្រែជីវិតយើង ឲ្យធ្វើជាតំណាងរបស់ទ្រង់ ក្នុងលោកិយនេះ។

តើអ្នកមានបញ្ហារូបសម្រស់របស់អ្នកឬទេ? នៅថ្ងៃនេះ សូមឆ្លុះកញ្ចក់ ហើយញញឹមថ្វាយព្រះជាម្ចាស់ចុះ។ ព្រះអង្គបានបង្កើតអ្នកមក ឲ្យដូចរូបអង្គទ្រង់។—PATRICIA…

អតីតកាល ដែលដេញតាមយើង

នៅក្នុងខ្សែភាពយន្ត រឿងឧទ្យានយួរ៉ាស៊ីក ដែលគេបានចាក់បញ្ចាំងក្នុងឆ្នាំ ១៩៩៣ លោកបណ្ឌិត អៀន ម៉ាលខុម(Ian Malcolm) បានស្រែកប្រាប់តួរអង្គពីរនាក់ទៀត ឲ្យបើកឡានគេចឲ្យលឿន ខណៈពេលដែលសត្វដាយណូស័រដ៏កាចសាហាវមួយក្បាលកំពុងតែដេញតាមពួកគេទាំងកម្រោល។ ពេលដែលអ្នកបើកបរមើលកញ្ចក់ឆ្លុះក្រោយរបស់រថយន្ត គាត់ក៏បានឃើញសត្វល្មូនដ៏សាហាវនោះ កំពុងតែហារមាត់ជង្រ្គោងដាក់គាត់។
ឈុតឆាកមួយនេះ បានធ្វើឲ្យទស្សនិកជនមានអារម្មណ៍តានតឹងក្នុងចិត្ត និងរន្ធត់ចិត្តយ៉ាងខ្លាំង។

ប៉ុន្តែ ជួនកាល យើងមានអារម្មណ៍ថា អតីតកាលរបស់យើង ប្រៀបដូចជា “សត្វសាហាវ” ដែលកំពុងតែដេញតាមប្រហារយើងពីក្រោយ មិនចេះឈប់។ ពេលយើងឆ្លុះមើលជីវិតខ្លួនឯង យើងក៏បានឃើញកំហុសដែលយើងមានពីអតីតកាល កំពុងតែលេចឡើង ដោយការគំរាមកំហែងថា នឹងវាយប្រហារមកលើយើង ដោយការបន្ទោសខ្លួនឯង ឬក្តីអាម៉ាស់។

សាវ័កប៉ុលបានដឹងថា អតីតកាលរបស់យើង ពិតជាមានអំណាចវាយបំបាក់យើង ធ្វើឲ្យយើងរកធ្វើអ្វីមិនកើត។ មុនពេលគាត់ទទួលជឿព្រះយេស៊ូវ គាត់បានព្យាយាមរស់នៅ ឲ្យបានល្អឥតខ្ចោះ អស់ជាច្រើនឆ្នាំ ហើយថែមទាំងបានបៀតបៀនគ្រីស្ទបរិស័ទផងដែរ(ភីលីព ៣:១-៩)។ គាត់នឹងមិនអាចធ្វើអ្វីកើតឡើយ បើសិនជាគាត់នៅតែផ្តោតទៅលើកំហុសទាំងនោះ។

ប៉ុន្តែ គាត់បានរកឃើញអត្ថន័យ ការអត់ឱនទោស និងអំណាច នៅក្នុងទំនាក់ទំនងជាមួយព្រះគ្រីស្ទ បានជាគាត់សម្រេចចិត្តលះបង់ចោលជីវិតចាស់របស់គាត់(ខ.៨-៩)។ ចាប់តាំងពីពេលនោះមក គាត់ក៏អាចសម្លឹងមើលឆ្ពោះទៅមុខ ដោយជំនឿ ជាជាងងាកមកក្រោយ ដោយការភ័យខ្លាច ឬមានការស្តាយក្រោយ។ គឺដូចដែលគាត់មានប្រសាសន៍ថា “ខ្ញុំភ្លេចសេចក្តីទាំងប៉ុន្មានដែលកន្លងទៅហើយ ក៏ខំមមុលឈោងទៅឯសេចក្តីខាងមុខទៀត ទាំងរត់ដំរង់ទៅឯទី…